Monday, July 4, 2011

តំបន់រមណីយដ្ឋានជាតិគិរីរម្យ

រមណីយដ្ឋានឧទ្យានជាតិគិរីរម្យ



រូបភាព៖ទស្សនាវដ្ដីCambodia Secneឧទ្យាន ជាតិព្រះសុរាម្រិត ឬឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេស កម្ពុជា ហើយគិរីរម្យក៏ជារមណីយដ្ឋានមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំងកាល ពីក្នុងសម័យសង្គមរាស្ត្រនិយម។ រមណីយដ្ឋានឧទ្យានជាតិនេះ សំបូរទៅដោយទេសភាពល្អប្រណិតលំអដោយដើមស្រល់ដុះពីធម្មជាតិនៅលើ ខ្ពង់រាបគិរីរម្យ ជ្រោះទឹកធ្លាក់ជាច្រើនអន្លើ និងសត្វម្រឹគីម្រឹគាជាច្រើនអំបូររស់នៅទីនោះ។
ដោយគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៨.៤០១ហិកតារ និងស្ថិតនៅលើខ្ពង់រាបដែលមានរយៈកម្ពស់ចាប់ពី ៣០០ ទៅ១០០០ម៉ែត្រ ពីនីវ៉ូសមុទ្រ។ រមណីយដ្ឋានគិរីរម្យគឺជាតំបន់ឧទ្យានធម្មជាតិដ៏ធំដែលស្ថិតនៅជិត រាជធានីភ្នំពេញជាងគេ ហើយតាំងនៅទិសខាងត្បូងឆៀងខាងលិច(និរតីទិស) នៃរាជធានីប្រទេសកម្ពុជា។ ពីក្រុងភ្នំពេញគេអាចធ្វើដំណើរទៅទស្សនាតំបន់គិរីរម្យបានយ៉ាង ងាយស្រួលតាមរយៈផ្លូវជាតិលេខ៤ ដូចទៅកាន់ក្រុងព្រះសីហនុដែរ ប៉ុន្តែដល់បង្គោលគីឡូម៉ែត្រលេខ ៨៧ត្រង់ម្ដុំផ្លូវបំបែកត្រែងត្រយឹង គេនឹងឃើញមានផ្លូវបំបែកខាងស្ដាំដៃមួយឆ្ពោះទៅកាន់តំបន់ គិរីរម្យ ដែលមានចម្ងាយផ្លូវ ២៧គ.ម ក្នុងរយៈចម្ងាយផ្លូវ ១០គ.ម ដំបូងគឺជាផ្លូវរាបស្មើ និង១៧គ.ម បន្ទាប់គឺជាផ្លូវឡើងខ្ពង់រាប និងភ្នំ។ រមណីយដ្ឋាននេះមានចម្ងាយពីរាជធានីភ្នំពេញ ១១៤គ.ម និង១៤៧គ.ម ពីក្រុងព្រះសីហនុ ឬមានចម្ងាយ ៤៤គ.មពីទីរួមខេត្តកំពង់ស្ពឺ។
រូបភាព៖ទស្សនាវដ្ដី Cambodia Scene
ព្រៃធម្មជាតិនៅតំបន់គិរីរម្យ រួមមានប្រភេទព្រៃស្រល់សុទ្ធភាគច្រើន និងព្រៃឈើតំបន់ត្រូពិកជាច្រើនប្រភេទទៀត។ ព្រៃស្រល់ធម្មជាតិគឺជាចំណុចពិសេសរបស់រមណីយដ្ឋាននេះ ហើយក៏ជាព្រៃស្រល់បំរុងទុកធំជាងគេបំផុតនៅប្រទេសកម្ពុជាផងដែរ គេបែងចែកព្រៃនៅតំបន់នោះជាប្រភេទ ព្រៃស្រល់ចំរុះឬព្រៃ Dipterocarpaceas និងព្រៃជាំស្លឹកធំ Gallery Forest ដុះនៅតាមមាត់អូរជ្រោះ ស្ទឹង និងព្រៃមួយប្រភេទទៀត គឺជាស្រោង សើម Moist dense dipterocarp forest ដែលសំបូរទៅដោយជីវសាស្ត្រចម្រុះនៅទីនោះផងដែរ។
គួររំលឹកថា ពីមុនទសវត្សឆ្នាំ១៩៩០ តំបន់គិរីរម្យទាំងមូលផ្ទៃដីរហូតដល់ ៨១.៧២០ហិកតារ។ ហើយដើម្បីឆ្លើយតបទៅនឹងការរិចរិលរួមតូច ដោយការកាប់បំផ្លាញនៃធនធានធម្មជាតិព្រៃឈើនៅទូទាំងប្រទេស ដែលបានកើតមានចំពោះឧទ្យានជាតិ និងដែនជំរកសត្វព្រៃដ៏សំខាន់នេះ និងក៏ដូចជាការទប់ស្កាត់នូវរាល់វិនាសកម្មព្រៃឈើក្នុងប្រទេស កម្ពុជា។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចុះបញ្ជី រមណីយដ្ឋានគិរីរម្យជា "ឧទ្យានជាតិព្រះសុរាម្រិត" ដែលមានផ្ទៃដី៣៥០០០ហិកតា តាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុវរ្ម័ន ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ ហើយឧទ្យានជាតិនេះបានបើក សម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៩៥ រហូតមកដល់បច្ចុប្បន្ននេះ។
រូបភាព៖ទស្សនាវដ្ដីCambodia Scene
ពេលបច្ចុប្បន្ននេះកំណាត់ផ្លូវជាច្រើន និងស្ពានមួយចំនួន ត្រូវបានជួសជុលឡើងវិញបន្ទាប់ពីការខូចខាតដោយសារសង្គ្រាម។ជាទូទៅ ស្ថានភាពផ្លូវទៅកាន់ឧទ្យានគិរីរម្យ មានស្ថានភាពល្អប្រសើរដែលអាចឲ្យរថយន្តទេសចរណ៍គ្រប់ប្រភេទអាច ចរាចរទៅកាន់ទីនោះបាន។ នៅរៀងរាល់ចុងសប្ដាហ៍មានភ្ញៀវទេសចរណ៍ពីក្រុងភ្នំពេញជាច្រើនតែង នាំគ្នាទៅសម្រាកលំហែរកាយកម្សាន្តលេងជាមួយនឹងសម្រស់ធម្មជាតិ ដ៏ស្រស់ត្រកាលនៅទីនោះផង ហើយក៏ជាកន្លែងទទួលទានអាហារភិកនីកដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ អាហារក្នុងស្រុកជាច្រើនប្រភេទត្រូវបានអ្នកស្រុកលក់សម្រាប់ ភ្ញៀវជាតិ និងសម្រាប់ជនបរទេសផងដែរ ក៏មានធ្វើលក់ថ្មីនៅតាមក្យុសនាដងស្ទឹងនឹងអូរនៅទីនោះ ដែលមានតម្លៃសមរម្យអាចទទួលយកបាន។
ប៉ុន្តែចំពោះអ្នកទេសចរណ៍ដែលមានបំណងធ្វើដំណើរផ្សេងព្រេងតាម កំណាត់ផ្លូវចាស់ផ្សេងៗជាច្រើនខ្សែទៀតនៅក្នុងអតីតក្រុងជូឡុង នេះមួយចំនួនធំគឺពុំទាន់ជួសជុលទេ វាមានស្ថានភាពរលាក់ដោយមានគ្រលុក និងដាច់ខូចជាយ៉ាងធ្ងន់ធ្ងរ ហើយអាចធ្វើដំណើរបានដោយប្រើប្រាស់ប្រភេទរថយន្ត 4WD ប៉ុណ្ណោះ។
ចំពោះបញ្ហាសន្តិសុខ និងសុវត្ថិភាពនៃតំបន់ឧទ្យានជាតិគិរីរម្យទាំងមូល គឺមានលក្ខណៈល្អប្រសើរណាស់ ដែលអំណោយផលដល់ការអភិវឌ្ឍន៍ ខាងវិស័យទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍និងសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលទៅទស្សនាកម្សាន្តសប្បាយគ្រប់រដូវកាល។ នៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យ បច្ចុប្បន្នមានតំបន់ទេសចរណ៍សំខាន់ៗ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា និងលេងកម្សាន្តសប្បាយជាច្រើន ក្នុងនោះមានរមណីយដ្ឋានទឹកជ្រោះភ្នំ ដំណាក់ចាស់ ដំណាក់ថ្មី តំបន់ស្រះស្រង់ តំបន់ទឹកធ្លាក់ ជ្រោះអូរតាហ៊ុយ តំបន់ចំការតែ ភ្នំថ្មដា និងតំបន់ល្អាងភ្នំ។
ក្រៅពីតំបន់ទេសចរណ៍សំខាន់ៗខាងលើនេះតំបន់ឧទ្យានជាតិគិរីរម្យ នៅមានតំបន់សំខាន់ៗជាច្រើនទៀត ដែលជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមានទឹកធ្លាក់ដ៏ខ្ពស់អមដោយ ធម្មជាតិស្រស់ត្រកាលនោះ គឺរមណីយដ្ឋានទឹកធ្លាក់អូរច្រាក ឬហៅថា ទឹកធ្លាក់ចំបក់ ដែលតាំងនៅផ្នែកខាងជើងនៃតំបន់ឧទ្យានជាតិគិរីរម្យ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ដោយសារតំបន់គិរីរម្យ ជាតំបន់ខ្ពង់រាប និងជាប្រជុំភ្នំតូចធំជាច្រើន ដែលគ្របដណ្ដប់ដោយព្រៃឈើមានពណ៌បៃតងគ្រប់រដូវកាលនោះ ទីនេះក៏មានបរិមាណទឹកភ្លៀងខ្ពស់ ប្រហាក់ប្រហែលតំបន់មាត់សមុទ្រផងដែរ ហើយក៏ជាកត្តាបង្កើតអោយមានជ្រោះ និងអូរមានទឹកហូរធ្លាក់ជាច្រើន នៅតាមចន្លោះភ្នំនីមួយៗ ដែលផ្ដល់ជារមណីយដ្ឋានទឹកធ្លាក់ជាច្រើននៅរាយពាសពេញតំបន់នោះ។ ដោយសារលក្ខណៈអំណោយផលពីធម្មជាតិនេះហើយទើបតំបន់គិរីរម្យ បង្កើតជាប្រភពទឹកសម្រាប់បង្កើតជាវារីអគ្គិសនីដំបូងបំផុតនៅ ប្រទេសកម្ពុជាតាំងពីទសវត្សឆ្នាំ ១៩៦០ ដែលគេអាចនាំយកចរន្តថាមពលអគ្គិសនីទាំងនោះមកផ្គត់ផ្គង់នៅរាជធានី ភ្នំពេញ នាពេលបច្ចុប្បន្នបានមួយភាគធំ។
ប្រវត្តិឧទ្យានជាតិគិរីរម្យ
ឧទ្យានជាតិនេះត្រូវបានបង្កើតឡើង នៅក្នុងនៅឆ្នាំ១៩៤០ ដោយនាយកដ្ឋានគង្គា រុក្ខប្រមាញ់ ហើយបានធ្វើផ្លូវ ជាលើកដំបូងចូលទៅដល់ទីខ្ពង់រាបគិរីរម្យ។ បន្ទាប់មកនៅក្នុងឆ្នាំ១៩៤៤ សម្ដេចព្រះនរោត្ដម សីហនុ បានយាងធ្វើព្រះរាជទស្សនកិច្ចតំបន់នោះជាលើកដំបូងតាមរយៈដំរី ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យចំពោះទេសភាពដ៏ល្អប្រណិតនៃតំបន់ នេះ។ ព្រះអង្គបានព្រះរាជតម្រិះថា «ព្រៃស្រស់បែបនេះ មានតែនៅក្នុងប្រទេសបារាំងប៉ុណ្ណោះ មិននឹកស្មានថា ព្រៃស្រស់នេះមាននៅក្នុងប្រទេសកម្ពុជាឡើយ»។ នៅពេលនោះព្រះអង្គរាជានុញ្ញាតអោយអ្នកជំនាញបច្ចេកទេសសិក្សា និងកំណត់ឈ្មោះតំបន់នេះថា «ខ្ពង់រាបគិរីរម្យ» ព្រះរាជក្រមលេខ ១២៩ លរ ចុះថ្ងៃទី ១៧មេសា ឆ្នាំ១៩៤៤។ នៅក្នុងឆ្នាំនោះ មានអ្នកវិទ្យាសាស្ត្រ ក៏ដូចជាក្រុមភូមិសាស្ត្រ បសុព្យាបាល និងក្រុមភូមិសាស្ត្រ បានចូលទៅធ្វើការសិក្សាស្រាវជ្រាវអំពីភូមិសាស្ត្រ ស្ថានភាពដី ស្ថានភាពជីវសាស្ត្រនៅតំបន់ គិរីរម្យជាច្រើនក្រុមជាបន្តបន្ទាប់។
នៅក្នុងឆ្នាំ១៩៤៤នោះដែរ នាយកដ្ឋានគង្គា និងរុក្ខាប្រមាញ់បានកំណត់តំបន់គិរីរម្យថា «ជាព្រៃបម្រុងទុកសម្រាប់ផ្ដល់ផលទៅថ្ងៃអនាគត»។ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៤៥ សម្ដេចព្រះ នរោត្តម សីហនុ បានយាងធ្វើព្រះរាជទស្សនកិច្ច និងគង់ប្រថាប់នៅព្រះរាជសំណាក់ ដែលរៀបចំសាងសង់ឡើងដោយនាយកដ្ឋានគង្គា និងរុក្ខាប្រមាញ់ នៅអូរខ្សាច់សរ។
នៅក្នុងឆ្នាំ១៩៤៩ នាយកដ្ឋានគង្គា និងរុក្ខាប្រមាញ់ បានដំណើរការសាងសង់ផ្លូវ និងស្ពាននានាទៅទូទាំងតំបន់គិរីរម្យសម្រាប់បម្រើឲ្យវិស័យទេសចរណ៍។
នៅចុងឆ្នាំ ១៩៤៩ តំបន់គិរីរម្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរឥស្សរៈ។ ការគ្រប់គ្រងរបស់ខ្មែរឥស្សរៈរយៈពេល ១ឆ្នាំស្ពានជាច្រើន នៅក្នុងតំបន់គិរីរម្យត្រូវបានដុតបំផ្លាញដោយជនប្រដាប់អាវុធ ហើយនៅពេលនោះភ្នាក់ងាររុក្ខានៃនាយកដ្ឋានគង្គានិងរុក្ខាប្រមាញ់ បានសម្រេចចិត្តបញ្ឈប់សកម្មភាពគ្រប់គ្រងតំបន់គិរីរម្យ ប៉ុន្តែពួកគេបានវិលត្រឡប់ចូលមកគ្រប់គ្រងតំបន់នេះវិញនៅដើមឆ្នាំ ១៩៥៤។
បន្ទាប់ពីសន្និសីទអន្តរជាតិនៃទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ខែវិច្ឆិកា ឆ្នាំ១៩៥៤ ដែលបារាំងបានប្រគល់ឯករាជ្យភាពពេញបរិបូរណ៍ជូនប្រទេសកម្ពុជា ទើបនាយកដ្ឋានគង្គា និងរុក្ខាប្រមាញ់ បានចាបផ្ដើមដំណើរការការងារ និងសកម្មភាពគ្រប់គ្រងព្រៃឈើរបស់ខ្លួនឡើងវិញ ក្នុងតំបន់គិរីរម្យ ដោយយោងទៅតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៥០។
នៅឆ្នាំ១៩៦២ តំបន់គិរីរម្យ ត្រូវបានកសាងឡើងជាក្រុងទេសចរណ៍មានឈ្មោះថា "ក្រុងជូឡុង" ឬហៅថា "បុរីជូឡុង"។ មូលហេតុដែលក្រុងនេះត្រូវបានកំណត់ឈ្មោះថា ក្រុងជូឡុង ព្រោះសម្ដេចចក្រី ញឹក ជូឡុង នៅពេលនោះគីជាសកម្មជនម្នាក់ដ៏សំខាន់ក្នុងការរួមវិភាគទាន និងចលនាប្រជាជន ដើម្បីស្ថាបនាទីក្រុងទេសចរណ៍ដ៏ប្រណិតនេះឡើង។ នៅក្នុងសម័យសង្គមរាស្ត្រនិយម ក្រៅពីរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ឬក្រុងកំពង់សោម រដ្ឋាភិបាលសម័យនោះបានបង្កើតជាក្រុងថ្មីៗមួយចំនួនទៀតដូចជា ក្រុងអង្គរ ក្រុងកែប ក្រុងបូកគោ ក្រុងប៉ៃលិន និងបុរីជូឡុងនេះឯង។
នៅក្នុងឆ្នាំ១៩៦៥ វិស័យទេសចរណ៍បានក្លាយជាផ្នែកមួយដ៏សំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ដោយសារសក្ដានុពលធម្មជាតិនៅតំបន់គិរីរម្យ រួមផ្សំនឹងសំណង់ប្រណិតៗជាច្រើន ទើបរៀងរាល់ចុងសប្ដាហ៍គេឃើញមានរថយន្តរាប់រយគ្រឿងបានធ្វើដំណើរ ទោកាន់តំបន់នោះ។ យោងតាមកំណត់ត្រារបស់ទស្សនាវដ្ដី កម្ពុជសុរិយា បោះពុម្ព នៅឆ្នាំ ១៩៦៦ បានឲ្យដឹងថា មានរថយន្តរហូតដល់១១.៥០០គ្រឿង បានធ្វើដំណើរទស្សនាចរទៅតំបន់នោះ ដោយរួមទាំងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបរទេសជាផ្លូវរដ្ឋផង ដូចជា លោកប្រធានាធិបតីចិន លីវ ចាវជី លោកប្រធានាធិបតី ឥណ្ឌូណេស៊ី ស៊ូកាណូ លោកប្រធាន អ៊ុំ ញ្ញ៉ាតុ មកពីយូហ្គោស្លាវី លោកសេនាប្រមុខ ចេនយី មកពីប្រទេសចិន។ល។ ប្រតិភូឥស្សរជនទាំងនេះ សុទ្ធតែត្រូវបានអញ្ជើញដោយសម្ដេចព្រះ នរោត្តម សីហនុ ដើម្បីធ្វើដំណើរទស្សនាចរនៅគិរីរម្យ។
ហើយជាញយដង សម្ដេចព្រះ នរោត្តម សីហនុ បានសព្វព្រះរាជហឫទ័យចំពោះក្រុងនេះ ដោយធ្វើដំណើរទៅកាន់ទីនោះជាញឹកញាប់ ព្រះអង្គសព្វព្រះហឫទ័យនឹងទស្សនាទេសភាពធម្មជាតិដ៏ល្អប្រណិត និងសត្វព្រៃគ្រប់ប្រភេទនៃតំបន់គិរីរម្យ ជាអនេកហើយរដ្ឋាភិបាលសម័យនោះក៏ទុកទីនោះជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ប្រណិតមួយផងដែរ។
នៅក្នុងបរិវេណឧទ្យានជាតិគិរីរម្យ ឬក្រុងជូឡុង នេះក៏មានចម្ការចែជាច្រើនហិកតារ ចម្ការផ្កាអ័រគីដេ មានវារីអគ្គិសនី មានកន្លែងតាំងពិព័រណ៍សម្រាប់កងយោធពលខេមរភូមិន្ទ មានរោងចក្រចំនួន៣ និងមានព្រលានយន្តហោះដែលអាចអាយឧទ្ធម្ភាគចក្រចុះចតបាន ស្ថិតនៅជិតអតីតព្រះរាជដំណាក់ ដែលត្រូវបានគេសាងឡើងក្នុងរវាងឆ្នាំ ១៩៦២-៦៥៕

No comments:

Post a Comment